# រក្សាសុវត្ថិភាពប្រើប្រាស់ឌីជីថល

តើធ្វើដូចម្តេចដើម្បីសម្គាល់ការបោកប្រាស់ (Scam) ❓

👉សកម្មភាពដែលអាចជាការបោកប្រាស់

  • ទាមទារឱ្យទូទាត់ភ្លាមៗ
  • ការខល (ទូរស័ព្ទចូល) បង្គាប់ឬគំរាម ឱ្យផ្ទេរប្រាក់ភ្លាមៗ បើមិនដូចនេះ អ្នកនឹងបាត់បង់ឱកាសឬ មានបញ្ហាណាមួយ
  • ការស្នើសុំព័ត៌មានផ្ទាល់ខ្លួន
  • ការខល (ទូរស័ព្ទចូល) ក្លែងបន្លំជាមន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុន ដើម្បីស្នើសុំនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ លេខសម្ងាត់ និងព័ត៌មានផ្សេងៗទៀត បញ្ជាក់ថាក្នុងគោលបំណងស៊ើបអង្កេតដើម្បីដោះស្រាយបញ្ហាបទល្មើសអ្វីមួយ 
  • មិនត្រូវប្រាប់ទៅអ្នកដទៃ
  • អ្នកត្រូវបានគេប្រាប់ ឬព្រមានឱ្យរក្សាការខល (ទូរស័ព្ទ) ជាសម្ងាត់ដើម្បីឈ្នះរង្វាន់ ឬទទួលបានឱកាសពិសេសអ្វីមួយ
  • លេខទូរស័ព្ទខលចូល មានសញ្ញា " + "  
  • លេខប្លែកខល (ទូរស័ព្ទ) ចូល ដោយមានសញ្ញា “ + ” ដែលសម្គាល់ជាលេខទូរស័ព្ទក្រៅប្រទេស អាចជាការបោកបញ្ឆោតពីក្រុមឆបោកណាមួយ

👉ករណីបោកប្រាស់ដែលឧស្សាហ៍កើតឡើង

  • តាមរយៈតំណភ្ជាប់
  • បុគ្គលបោកប្រាស់ផ្ញើតំណភ្ជាប់(Link) ឱ្យអ្នកបំពេញព័ត៌មានដើម្បីទទួលបានរង្វាន់ ឬឱកាសពិសេសណាមួយ 
  • តាមប្រព័ន្ធផ្សព្វផ្សាយសង្គម
  • បុគ្គលបោកប្រាស់បន្លំបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម (ហ្វេសប៊ុក...) នៃសមាជិកគ្រួសារ ឬមិត្តភក្តិណាមួយរបស់អ្នក ដើម្បីសុំឱ្យជួយបន្ទាន់ ដោយតម្រូវឱ្យផ្ទេរប្រាក់ឬផ្ញើព័ត៌មានសំខាន់ៗ 
  • តាមរយៈប្រាក់កម្ចី
  • បុគ្គលបោកប្រាស់បន្លំជាបុគ្គលិកធនាគារឬ គ្រឹះស្ថានហិរញ្ញវត្ថុ ដោយទំនាក់ទំនងតាមរយៈការខល (ទូរស័ព្ទ) សារ ឬ តេឡេក្រាម ដើម្បីផ្តល់សេវាប្រាក់កម្ចីពិសេស តែតម្រូវឱ្យផ្ញើព័ត៌មានសំខាន់ៗ ឬផ្ទេរប្រាក់តម្កល់ជាមុន

👉អ្វីដែលគួរយល់ដឹង

  • កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ ឬពាក្យសម្ងាត់ (OTPs) ក្នុងសារទូរស័ព្ទ ទៅបុគ្គលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។ ក្នុងករណីបុគ្គលបោកប្រាស់បន្លំធ្វើជាស្គាល់អ្នក អ្នកគួរធ្វើការស្នើឲ្យបុគ្គលទំនាក់ទងនោះខល (ទូរស័ព្ទ) មក ឬផ្ញើសារជាសម្លេង ដើម្បីបញ្ជាក់ថាជាបុគ្គលដែលយើងស្គាល់ពិតមែន
  • កុំជឿលើគណនីមួយចំនួន ដែលមានបំណងចង់ស្គាល់អ្នក ហើយផ្តល់រង្វាន់ មរតកពីបរទេស ឬផ្ញើអីវ៉ាន់មកអ្នក ព្រោះទាំងអស់នេះគឺជាការបោកប្រាស់តែប៉ុណ្ណោះ ព្រោះពុំមានអ្នកមិនស្គាល់ណាដែលទាក់ទងផ្តល់ឱ្យអ្នកស្រួលៗឡើយ នេះគ្រាន់ជាការបោកប្រាស់ប៉ុណ្ណោះ
  • សម្រាប់លេខប្លែកខលមក (ទូរស័ព្ទ) ដោយមានសញ្ញា “+” ដែលសម្គាល់ថាជាលេខទូរស័ព្ទក្រៅប្រទេសសូមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំចុចលើកបើមិនចាំបាច់ 
  • សម្រាប់ការស្វែងរកជំនួយ ស្វែងយល់បច្ចេកទេសបន្ថែម ឬរាយការណ៍លើករណីទាំងនេះ សូមទំនាក់ទំនងតាមរយៈអ៊ីមែល incident@camcert.gov.kh ទូរស័ព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨ ឬតេឡេក្រាម https://t.me/camcert